Monday, January 10, 2011

សុភាសិតខ្មែរថ្មីៗ

១ កើតមកគ្មានមិត្ត ជីវិតគ្មានន័យ បើមាននិស្ស័យ គង់បានជួបគ្នា។



២ ខ្លៅពិតត្រូវសង្វាត ខ្លាចពិតត្រូវលុតដំ

ក្រពិតត្រូវខិតខំ មោហាដំនំនឹកដល់ធម៏ព្រះ។



៣ គេបបួល កុំអោយខាន បើគេបាន ត្រូវចេះសួរ គួរពុំគួរ ត្រងចំណេះ។



៤ ប៉ោយប៉ែតជាយដែនប្រឹងចាយលុយបាត ស្វាយរៀងសង្វាតខំចាយលុយឌុង

អ្នកមានចំណេះរស់នៅទីក្រុង ទិញគ្រឿងកំប៉ុងដកលុយដុល្លារ។



៥ ចូលព្រៃប្រទះបន្លា ការងារប្រទះឧបសគ្គ

អ្នកស្ងៀមសំដីត្រជាក់ អ្នកល្បីឈ្មោះជាក់ បានមកដោយខំ។



៦ តណ្ហាកើតឡើងពីចិត្ត កាយាប្រព្រឺត្តទង្វើ

ប្រាជ្ញានាំផ្លូវអោយធ្វើ សតិប្រសើរនាំទៅមង្គល។



៧ ធ្វើតាមសភាវគតិ អ្នកនឹងប្រព្រឹត្តទង្វើដដែលៗ ជាប្រចាំ

ប្រើប្រាស់ព្រលឹង សតិ ប្រាជ្ញា អ្នកនឹងវិឌ្ឍន៍គំនិត និង ទង្វើប្លែកៗជាដរាប។



៨ គេខុស ជួយកែលំអរ គេសាទរ ត្រូវបន្ទន់ប្រាណ។



៩ យល់់តូច ត្រូវចាប់គិត ដល់យល់់ធំពិត ត្រូវចេះវិភាគ។



១០ ជាពងមាន់ កុំរហន់ ជល់នឹងថ្ម ដល់ពេលញាស់ ខ្លួនរលាស់ ដើររំលង។



១១ ពេលដល់់ត្រើយ កុំកន្ដើយ ឆ្លើយអរគុណ នោះទើបពិត ជាគំនិត នៃគុណធម៌។



១២ កំហុសអ្នកផងធំគ្មានអ្វីថ្លែង កំហុសខ្លួនឯងបាំងបាត់សូន្យឈឹង

កំហុសគេតូចបើកភ្នែកសម្លឹង កំហុសខ្លួនប្រឹងកៀរនៅក្រោមជើង។



១៣ ព្រលឹមបែរគិតនឹកដល់ចន្ទ្រា ពេលយប់សន្ធិយានឹកសូរិយា

ម្ហូបឆ្ងាញ់ល្បែងសប្បាយនឹកសង្សារ មានទុក្ខខ្លោចផ្សានឹកម្ដាយឳពុក។



១៤ មុនមាន់រងាវសាកក្រោកឡើងម្ដង គយគន់អ្នកផងតាមដងវិថី

ថាតើពួកគាត់កំពុងធ្វើអ្វី រៀបចំតូបល្អីខ្លះខំធ្វើការ។

ម៉ោងដប់ព្រលប់នៅផ្សារដើមគរ សំលេងបន្ទរលាន់ពេញសោតា

នេះហើយជីវិតអ្នកក្សត់ទ្រព្យា សុខទុក្ខវេទនាត្រូវចេះតស៊ូ។



១៥ គ្រាក្រលំបាកមានមនុស្សម្នាក់ ជាទីពំនាក់មិនដែលឃ្លាត

គ្រាមានសប្បាយកុំបែរឆ្លៀត ហាក់មិនស្គាល់ញាតិរាប់អ្នកថ្មី។



១៦ បច្ចុប្បន្នជោគជ័យព្រោះមានអ្នកជួយ ខិតខំលើកស្ទួយចិញ្ចឹមស្ងួនភ្ញា

ចំណេះពេញប្រាណបានរៀនវិជ្ជា កុំបីរេរាតបស្នងគុណវិញ។



១៧ បើកភ្នែកងងិត បិទភ្នែកមានពន្លឺ។



១៨ ស្រឡាញ់វប្បធម៌ ត្រូវរក្សា ស្រឡាញ់កិរិយា ត្រូវរិះគិត

ស្រឡាញ់គុណធម៌ ប្រសើរពិត ស្រឡាញ់ជីវិត ប្រសើរក្រៃ។



១៩ ឆ្លៀតពេលទំនេរពីការសិក្សា រកថវិការដោះជីវភាព

ត្បិតអ្វីរស់ក្នុងត្រកូលតូចទាប លុតសមត្ថភាពថ្ងៃមុខភ្លឺស្វាង។



២០ ថ្ងៃនេះខិតខំធ្វើការងារ រងទុក្ខវេទនាពេលក្មេងខ្ចី

សង្ឃឹមថ្ងៃមុខជួបជោគជ័យ សាងជីវិតថ្មីស្រស់បំព្រង។



២១ ជំហទង់ជាតិតាមដងវិថី ឈរអួតលោកីកេរ្ដិ៍ឈ្មោះកិត្តិនាម

សូរបក់រវិចជាឆ្មាំចាំយាម អ្នកហ៊ានទីទាមប្រាកដវិនាស។



២២ ស្លឹកឈើ សម្រូត ជ្រុះក្បែរគល់ស្លឹកឈើ ប្រឹងរុល រសាត់ឆ្ងាយ។

កែសម្រួលដោយអ្នកមីងបូរណ៍

ស្លឹកឈើ ខ្យល់នឹង ជ្រុះហើយទ្រឹង នៅក្បែរគល់ស្លឹកឈើ វក់ខ្យល់ ហើររចល់ រសាត់ឆ្ងាយដើម។



២៣ កូនក្មេងមិនធ្លាប់ចាស់ តែមនុស្សចាស់ធ្លាប់ក្មេង

កូនក្មេងអាចចាស់ តែមនុស្សចាស់មិនអាចក្មេង។



២៤ ទឹកជាប្រយោជន៍ ទ្រទ្រង់សារពាង្គ ទឹកចិត្តធំជាង មហាសាគរ

ទឹកចិត្តជ្រួតជ្រៀប ដោយក្ដីអំណរ ទឹកចិត្តស្មោះសរ ល្អគ្មានអ្វីផ្ទឹម។



២៥ កំលាំងអ្វីប្រៀបបានកំលាំងចិត្ត ថាមពលសណ្ឋិតបំរុងក្នុងប្រាណ

រក្សាអោយនឹងគ្មានអ្វីរំខាន ប្រើគ្រប់មជ្ឍដ្ឋានសំរេចគោលដៅ។



២៦ លុយកាក់ជារបស់ក្រៅខ្លួន មិត្តភាពជាជំនួនក្នុងចិត្ត។



២៧ កំហឹងក្រេវក្រោធត្រូវទប់អោយជាប់ សតិបង្គាប់អោយតំាងអារម្មណ៍

កុំបណ្ដោយចិត្តផ្តេកផ្ដិតបង្ខំ កំសួលអារម្មណ៍រសាត់បាត់ឯង។



២៨ បុគ្គលឧត្តមព្យាយាមតស៊ូ ជាជនគំរូដល់អ្នកដទៃ

ប្រហែសភ្លេចខ្លួនអំណួតចក្រី ធ្លាក់សំយ៉ុងដីកប់ក្នុងភក់ជ្រាំ។



២៩ គ្រប់ពេលរវល់អប់រំដល់គេ ភ្លេចខ្លួនទទេអប់រំសួនតួ

ដូចនេះត្រូវគិតប្រៀងប្រិតសំនួរ តើខ្លួនត្រូវគួរអប់រំយ៉ាងណា។



៣០ ស្ម័គ្រចិត្តស្ម័គ្រកាយ ធ្វើរឿងទាំងឡាយ ដើម្បីគ្រួសារនិងប្រទេសជាតិ។



៣១ នារីអាងសម្រស់ បុរសអាងចំណេះ

សីលធម៌ធ្វេសប្រហែស គេដៀលត្មេះ ដល់ពូជពង្ស។



៣២ បិទភ្នែកស្រម៉ៃ ទស្សនវិស័យ អនាគតអ្នក

បើកភ្នែកឃើញច្បាស់ មិនប្រែក្រឡាស់ គំរោងជីវិត។



៣៣ ប្រកាន់ជំហរ ខំដើរបន្ដ ទោះដើរតែឯង

ថ្ងៃមួយភ្លេចខ្លួន មានគេថែថួន ដើរអមត្រសង។



៣៤ ថ្ងៃនេះរៀបចំគំរោងជីវិត វិភាគរិះគិតគួរធ្វើអ្វីខ្លះ

ថ្ងៃស្អែកបើមានអ្វីប្រែក្រលះ កែគំរោងច្បាស់រៀបឡើងម្ដងទៀត។



៣៥ បុប្ផាក្រពុំសាយភាយក្លិនស្នេហ៍ ភូមរាហើរក្បែរងងឹតមេឃា

ពេលអស់លំអងស្រពាប់គ្រាំគ្រា រក្សាមួយគ្រា ពេលដល់វេលា ក្លាយជាបុប្ផាសួគ៌។



៣៦ បុប្ផាក្រពុំសាយភាយក្លិនស្នេហ៍ ភូមរាហើរក្បែរងងឹតមេឃា ពេលអស់លំអងស្រពាប់គ្រាំគ្រា

តែបើរក្សាមួយគ្រា ពេលដល់វេលា នឹងក្លាយជា រាជនីនៃបុប្ផាសួគ៌។



៣៧ អធិរាជ្យក្ដាមសមុទ្រខាងត្បូង សេនាអមច្រូងឆ្ពោះទិសខាងជើង

មាន់ចែរងាវស្រែកបែកផ្កាភ្លើង ជន្លេនជាន់ឈ្លើងខ្លាចឬទ្ធិចេស្ដា។



៣៨ សំបកខាងក្រៅបំភ័ណគំនិត សោភ័ណនិមិត្តបំភ័ណអារម្មណ៍

បើមិនរិះគិតវិភាគផ្សែផ្សំ លង់ខ្លួនដំនំទៅក្នុងមនោគម។



៣៩ ដាំពូជគំនិត ដុះផ្លែប្រាជ្ញា ដាំពូជនិន្ទា ផ្លែល្វាជាញាតិ។



៤០ មហាព្យុះសង្ឃរាក្នុងគំនិត ផ្គរលាន់កកិតក្នុងដើមទ្រូង

ជលសាបោកបក់ពេញនេត្រវង់ សតិតម្រងតាំងចិត្តស្ងប់។



៤១ គោរពពេលវេលាអោយដូចគោរពព្រះ

ជំនះភាពធ្វេសប្រហែសដោយការទំនួលខុសត្រូវ។



៤២ សំដីសបង្ហាញពីសីលធម៌

សំដីសបង្ហាញពីប្រាជ្ញា

សំដីសបង្ហាញពីពង្សា

សំដីសបង្ហាញពីរូបអ្នក។



៤៣ ស្ងៀមជាងស្រដី បើនិយាយអោយមានប្រយោជន៍។



៤៤ ទ្រឹស្ដីហូរដល់កែង អនុវត្តន៍ជាក់ស្ដែងមិនស្មើមនុស្សខ្លៅ។



៤៥ រស់ជាប្រយោជន៍ដល់អ្នកដទៃ

ជីវិតមានន័យដោយការរាប់អាន។



៤៦ បរាជ័យថ្ងៃនេះ ជោគជ័យថ្ងៃបន្ទាប់។



៤៧ ជំហានអណ្ដើក ដំណើររវើក ឆ្ពោះដល់គោលដៅ។



៤៨ កុំប្រឹងជ្រួលតាមខ្យល់ នាំអំពល់ដល់អត្មា

សម្លឹងមើលបញ្ហា ប្រើប្រាជ្ញាស្រាយចម្ងល់។



៤៩ ដាក់ខ្លួនក្នុងបញ្ហា ទាល់ប្រាជ្ញាគិតមិនយល់

ដកខ្លួនក្រៅកង្វល់ សម្លឹងហេតុស្វែងវិធី។



៥០ សោភ័ណផ្ទៃមុខ ស្រស់បានម្ភ៉ៃឆ្នាំ

កេរ្ដិ៍ឈ្មោះល្អផ្ដាំ តរាប់តំណរ។



៥១ ពេជ្រក្នុងអន្ទាក់ អ្នកណាក៏ចង់លោ

ចូលជាប់ត្រឹម ក ត្រដស្រែកអោយគេជួយ។



៥២ ចំណេះមិនដល់ ខំប្រឹងខ្វាយខ្វល់ ពាក់អាវអ្នកប្រាជ្ញ

ធ្វើខ្លួនពូកែ ដើរក្បែរអ្នកប្រាជ្ញ ស្ដីទាំងភ័យខ្លាច ព្រោះខ្លួននៅស្ទើរ។



៥៣ ចាំ ចាំ ចាំ ចាំ ចាំរយខែឆ្នាំ ចាំរៀងរហូត

ធ្វើ ធ្វើ ធ្វើ ធ្វើ ទោះតិចក៏ធ្វើ លទ្ធផលនឹងមាន។



៥៤ សម្លឹងបញ្ហា គ្រប់ជ្រុងកាលណា ចាំហ៊ានសន្មត់។



៥៥ ប្រើប្រាស់វេលា ដោះស្រាយបញ្ហា ប្រសើរថ្លៃថ្លា ជាងឈ្លោះប្រកែក។



៥៦ ការមិនទទួលកំហុសមួយពេល ជាការកុហកខ្លួនឯងអស់មួយជីវិត។



៥៧ ត្រូវចេះដាក់ខ្លួន ទោះចេះច្បាប់ក្បួន ដល់ណាក៏ដោយ។



៥៨ ជ័យជំនះនៃការឈ្នានី ជាជ័យជំនះដែលបរាជ័យ

ជ័យជំនះនៃការអប់រំមនុស្ស អោយមានជ័យជំនះ ជាមហាជ័យជំនះ។



៥៩ គ្រប់យ៉ាងបានមកពីការសន្សំ ចំណេះឧត្តមចាយចេញទៅវិញ។



៦០ អំណួតថាខ្លួនខ្លាំង ពេលទាល់បាក់កម្លាំង ធ្វើមុខស្លាំង លែងហាស្ដី។



៦១ ពេលមានកង្វះខាត ត្រូវសង្វាត បំពេញភ្លាម។



៦២ ថ្នាក់បណ្ឌិតទើបតែបញ្ចប់ ត្រឡប់ជីវិតក្នុងសង្គម ទើបតែចាប់ផ្ដើម។



៦៣ ត្រូវរៀនចេះប្រើលុយ កុំអង្គុយ ចាំលុយមកប្រើវិញ។



៦៤ យកចិត្តគេធៀបចិត្តឯង កុំប្រឹងស្ដែង យើងគឺយើង។



៦៥ កែកំហុសខ្លួនបានមួយចំនុច ប្រសើរបំផុត ជាងកែកំហុសគេបានដប់។



៦៦ បិទភ្នែក តាំងស្មារតី គំនិតថ្មី ផុសសុះសាយ។



៦៧ បង្កើតឪកាសសម្រាប់ខ្លួនឯង ល្អជាងចំបែងរងចាំឪកាស

បង្កើតឪកាសសម្រាប់គេផង ល្អជាងប៉នប៉ងចង់បានពីគេ។



៦៨ ខ្មៅដៃមួយដើម ចាររឿងពិសិដ្ឋមួយក្បាល

អ្នកប្រាជ្ញមួយរូប អប់រំមនុស្សមួយផែនដី។



៦៩ ជណ្ដើរជីវិត មានច្រើនកាំ អ្នកឡើងប្រចាំ យល់វែងឆ្ងាយ

អ្នកខ្ជិលច្រអូស ទាំងចិត្តកាយ រីករាយសប្បាយ កាំផ្ទាល់ដី។



៧០ រៀនជ្រើសបុគ្គល គំរូក្នុងចិត្ត រួចរៀប្រព្រឹត្ត ដើរតាមគន្លង

រៀនអនុវត្ត កុំអោយខុសឆ្គង រៀនលើសរៀមច្បង ស្នងតំណែងលោក។



៧១ ព្រហ្មលិខិតជាអ្នកចារ ឯវាសនាយើងកំនត់

ចង់ធ្វើអ្វីអោយម៉ត់ចត់ ទោះនឿយហត់ស៊ូជានិច្ច។



៧២ ទឹកទន្លេមាននាចជោរ ចរន្ដហូរតាមរដូវ

ឯទឹកចិត្តតម្កល់នៅ ស្ងប់តទៅថេរចិរកាល។



៧៣ វិថីសួនច្បារ គយគន់ទស្សនា ទៅហើយទៅទៀត

វិថីជីវិត វេលាកំរិត ទៅមិនត្រឡប់។



៧៤ ស្កប់ស្កល់នូវអ្វីដែលខ្លួនមាន ធ្វើបុណ្យដាក់ទានដល់សង្គម។



៧៥ ពេលរស់ជួបជុំភ្លេចប្រព្រឹត្ត រវល់រាប់មិត្តភ្លេចម៉ែឳ

ដល់ពេលជីវិតលោកចាកទៅ ទើបភ្ញាក់ហ្មងសៅវិប្បដិសារី។



៧៦ ចង់ស្វែងការងារកុំភ័យភិត បែរមានគំនិតថាខ្លួនអន់

ការងារបង្រៀនម្ចាស់តូចតន់ បណ្ដោះអាសន្នត្រូវអត់ធ្មត់។



៧៧ បើស្អប់អំពើអាក្រក់ហើយ កុំសោះឡើយ ទៅយកអំពើនោះសាងលើគេវិញ។



៧៨ ធម្មជាតិនៃអ្នកប្រមឹក តែងរលឹក នឹកដបស្រា

ធម្មជាតិនៃអ្នកសិក្សា តែងប្រាថ្នា អប់រំខ្លួន។



៧៩ ស្រមោល នៅក្បែររូប ពេលមានពន្លឺ

សម្បជញ្ញៈ តែងបំភ្លឺ ទោះយប់ទោះថ្ងៃ។



៨០ សំលៀងសតិ អោយមុត សំលៀងប្រាជ្ញា អោយស្រួច

អប់រំចិត្ត អោយស្ងប់ អប់រំកាយ អោយណាយ។



៨១ យសសក្ដិលើស្មា ការគោរពមួយភ្លេត

យសសក្ដិក្នុងចិត្ត ការគោរពពេញមួយជីវិត។



៨២ ស្ដាប់ច្រើន មើលច្រើន អានច្រើន រៀនច្រើន កើនចំណេះ

សួរច្រើន គិតច្រើន វិភាគច្រើន ពិចារណាច្រើន កើនប្រាជ្ញា។



៨៣ ធ្វើខ្លួនឧស្សាហ៍ ជំនួសការខ្ជិល។



៨៤ ផ្ទៃមុខញញឹម សង្ឃឹមក្នុងចិត្ត។



៨៥ បំភ្លេកទុក្ខសោកអតីតកាល សម្លឹងគោលដៅអនាគតកាល ព្យាយាមអនុវត្តពេលបច្ចុប្បន្នកាល។



៨៦ បេះដួងមួយ ក្នុងបុគ្គលពីរនាក់។



៨៧ មើលសង្គមក្នុងផ្លូវផ្សេង រកវិធីផ្សេងដោះស្រាយបញ្ហាសង្គម។



៨៨ ផ្អែម ល្វីង ជូរ ចត់ សាប ប្រៃ ហិល ជារសជាតិនៃជីវិត។



៨៩ ដោយអំណាចនៃការព្យាយាមមិនរាថយ ក្ដីសង្ឃឹមរាប់រយនៅតែមាន។



៩០ បើពិភពលោកពិតងងិតសូន្យឈឹង ខិតខំពង្រឹងខ្លួន ក្លាយជាពន្លឺ បំភ្លឺពិភពលោកវិញ។



៩១ ប្រាថ្នាសន្ដិភាពពិភពលោក រកជំរកសន្ដិភាពនៅក្នុងខ្លួន។



៩២ គោរពលើវិជ្ជាជីវៈ មនសិការអ្នកនឹងមិនស្ដីបន្ទោស។



៩៣ កូនល្អនាំសុខចូលគ្រួសារ កូនបាបសានាំទុក្ខចូលសង្គម។



៩៤ សាលារៀនមានគ្រប់កន្លែង បើចេះស្វែងនឹងប្រទះ។



៩៥ ធនធានសំបូរ នគរសប្បាយធនធានខ្ជះខ្ជាយ រលាយដូចផេះ។



៩៦ បង្រៀនគេដប់ចេះដល់ដប់មួយ កុំគិតដេកព្រួយខំលាក់ចំណេះ។



៩៧ រៀនធ្វើល្អពេលនៅតូច កុំខិលខូចនាំខុសខាត។



៩៨ កាយស្អាត វាចាល្អ ចិត្តបរិសុទ្ធ កាយលំទោន វាចាទន់ភ្លន់ ចិត្តមេត្តា។



៩៩ កល្យាណមិត្ត នាំជីវិត មានសោភ័ណ។



១០០ ទទួលគុណមួយដង ចងចាំតបស្នងមួយជីវិត។



១០១ ការងារតិចតួច ហុចផលធំធេង ចាប់ផ្ដើមឥឡូវ អ្នកនឹងឃើញមានភាពប្រែប្រួល។



១០២ និយាយតិច ធ្វើច្រើន ចម្រើនជាតិ។ និយាយច្រើន ធ្វើតិច ពន្លិចការអភិវឌ្ឍ។



១០៣ ពពកនៅឆ្ងាយឈោងមិនដល់ កុំនៅខ្វាយខ្វល់ឡើងភ្នំបូកគោ។



១០៤ ជំនួយបង្កប់ចំនង យូរនិងឆាប់ ត្រូវតែសង

រៀនធ្វើហាត់ធ្វើខ្លួនឯង តិចឬច្រើន មិនចំបែង។



១០៥ ជំងឺអផ្សុកអុកឡុករាងកាយ បើចង់សប្បាយរិះរកការងារ

ហុចផលប្រយោជន៍មិនខាតវេលា នោះគឺមាគ៌ាប្រសើរថ្លាថ្លៃ។



១០៦ អំណួតហួសមាឌច្បាស់អាប់រាសី ទាំងជនប្រុសស្រីគេសើចចំអក។



១០៧ ក្លាហានខុសរឿងកំរោលចុះប្រេង គេបញ្ជាលេងដូចល្បែងកូនអុក។



១០៨ ពាក់មាសស្រោបពេជ្រអោយគេស្រឡាញ់ តែបែរគេខ្នាញ់មាសបងមាសស្ងួន។



១០៩ សេចក្ដីលោភលន់គ្មានដែនកំណត់ ត្រូវចេះសន្មត់កំរិតសមល្មម

នោះទើបមិនគិតដល់រាងកាយស្គម រាល់ថ្ងៃប្រឈមតែទុក្ខជាប់ប្រាណ។



១១០ ជឿចាស់មិនខាតបង់ រួចតំរង់ទិសខ្លួនឯង។



១១១ មនុស្សម្នាក់គំនិតមួយ ពីរបីនាក់ជួយគំនិតហូរហៀរ។



១១២ ការមិនចូលចិត្ត ពិតជារនាំង ឃាំងខ្លួនឆ្ពោះទៅ ជម្រៅនៃចំណេះដឹងដែលទូលំទូលាយ។



១១៣ ភ្នំមួយខ្លាពីរ ផ្លាស់ប្ដូរនាទី ស្វែងរកអាហារ។



១១៤ ប្រាសាទមហិមា កើតចេញពីថ្មមួយដុំ

ហូលសូត្រសុខុម កើតចេញពីអំបោះមួយសរសៃ។



១១៥ ធ្វើមនុស្សអោយដូចទ្រនិចតូចនាឡិកា ខ្លួនតូចអស្ចារ្យវិលនាំទ្រនិចធំទៅតាម។



១១៦ សំបកក្រៅតូចពិត គំនិតធំអនេក។



១១៧ ខ្លួនឯងមិនចេះថែ បែរថែគេម្ដេចនឹងកើត។



១១៨ រៀនភ្ញាក់ពីព្រលឹម ភក្រ្ដញញឹម ចំពោះថ្ងៃថ្មី

ងូតទឹកមានសិរី នាំជោគជ័យ ត្រចះត្រចង់។



១១៩ ធ្វើតាមការគិត កុំប្រព្រឹត្តតាមចំណង់។



១២០ សុទិដ្ឋិនិយមនិងក្ដីសង្ឃឹម ជាអាហារគំនិត ផ្ដល់ថាមពលអោយបន្ដព្យាយាមប្រព្រឹត្ត ដើម្បីសំរេចគោលដៅដោយជោគជ័យ។



១២១ ការមិនចេះស្វែងយល់ពីគំនិតអ្នកដទៃ ជាការឃុំខ្លួនក្នុងគុកគំនិតអង្គឯង។



១២២ យកឈ្នះខ្លួនឯង មិនចំបែង ទៅយកឈ្នះអ្នកដទៃ។



១២៣ អ្វីគ្រប់យ៉ាងជាអាវុធមុខពីរ សម្រួចមុខល្អ បន្តវាចាកមុខដែលអាក្រក់។



១២៤ ទីណាមានទឹក ទីនោះមានត្រី



ទីណាមានប្ដី ទីនោះមានប្រពន្ធ

ទីណាមានគ្រុន ទីនោះមានថ្នាំ

ទីណាមានកម្មវិធីមនុស្សធម៌ ទីនោះមានសណ្ដែកបៃតង។



១២៥ បាតដៃទទេ គេមិនខ្វល់ លទ្ធផលមកដល់ គេសរសើរ។

ចង់ធ្វើត្រូវធ្វើ កុំគិតយូរ មេប្លង់គំរូ ដល់អ្នកផង។



១២៦ ធ្វើអ្វីដែលខ្លួនគិតថាមិនអាចធ្វើបាន ជោគជ័យរុញច្រានអោយធ្វើបន្ត។



១២៧ កាន់មាសមួយដុំទៅអួតសេដ្ឋី ក្អេងក្អាងសំដីថាខ្លួនអ្នកមាន

ពេលឃើញសម្បត្តិគេទើបអឹមអៀន ថាខ្លួនឯងគ្មានអ្វីប្រៀបនឹងគេ។



១២៨ ក្រដាស់កខ្វក់ត្រូវគេបោះបង់ ក្រដាស់ផូរផង់ក្លាយជារាជ្យក្រិត្យ។



១២៩ អ្នកប្រាជ្ញគ្រហឹម ថាល្អឆ្អិនឆ្អៅ គំនិតអ្នកក្លៅ មិនអោយតំលៃ។



១៣០ តម្លៃកើតមាន ពេលដែលគ្មានរបស់នៅ។



១៣១ ដើរចេញពីបន្ទប់ដែលងងឹត ស្វែងរកពន្លឺជីវិតនៅខាងក្រៅ។



១៣២ លុយមិនអាចបង្កើតគំនិត អ្វីដែលប្រាកដពិត គំនិតអាចបង្កើតលុយ។



១៣៣ ដែកទាលសំលៀងនឹងមុត ប្រាជ្ញាដុតលុតនឹងភ្លឺថ្លាពណ្ណរាយ។



១៣៤ ចង់ភ្ជាប់អាគុយនៅកន្ទុយកង់ ធាក់លេងតំរង់ឆ្លងភូមិពីរបី

ចាក់ស្ដាប់វិទ្យុសាកអាគុយថ្មី កុំអោយឥតន័យធាក់ឥតប្រយោជន៍។



១៣៥ ដីនៅទំនេរដាំបន្លែ ភ្លេចខ្លួនពីរខែផ្លែដុះពេញដើម។



១៣៦ ជ័យជំនះចាស់កុំត្រេកអរ ព្យាយាមបន្ដជ័យជំនះថ្មី។



១៣៧ ដាំផ្លែអ្វីបានផ្លែនោះឯង ចង់បំលែង ត្រូវចេះផ្សាំ។



១៣៨ មនុស្សជាឃ្លាំងផ្ទុកចំណេះដឹង ចូរខិតខំប្រឹងប្រមូលពុទ្ធិ។



១៣៩ ពិធីបុណ្យហូរហែ ជាផ្លែសន្ទូចនៃពាណិជ្ជកម្ម។



១៤០ ជំនះពេលវេលាដោយគំរោងការ ព្យាយាមឧស្សាហ៍សំរេចបំណង។



១៤១ សក្ដានុពលដែលមានក្នុងខ្លួន ប្រើប្រាស់ខ្ជាប់ខ្ជួននាំមកប្រយោជន៍។



១៤២ បុគ្គលម្នាក់ ទេពកោសល្យម្យ៉ាង រាវរកត្រដាង ហ្វឹកហ្វឺនបន្ថែម។



១៤៣ អ្នកដែលរស់នៅឯឋានសួគ៌ា ពិតគ្មានវេលានឹងអាចយល់ដឹង

ជីវិតវេទនារស់សែនតានតឹង វិញ្ញាណព្រលឹងឋាននរកឡើយ។



១៤៤ ការប្ដេជ្ញាធំបំផុតគឺការរក្សា ធ្វើល្អយូរយ៉ាងណា បើមិនរក្សា អាក្រក់មួយប៉ប្រិចភ្នែក។



១៤៥ មួយខែ ប្រឹងកែចរិកមិនល្អ ពេលមួយបវរ សល់តែចរិកប្រពៃ។

One month, try to reduce bad character, Sooner, It will remain the good one.



១៤៦ មហាបដិវដ្ដមហិមា ទាមទារចេញពីការច្នៃប្រឌិតតូចមួយ។

A big revolution starts with a small creativity.



១៤៧ រៀនចេះចែករំលែក ថ្ងៃស្អែកនឹងទទួល។

Learn to share and you will receive.



១៤៨ខ្ញុំស្គាល់អ្នកពេលអ្នកយំ អ្នកឃើញខ្ញុំពេលខ្ញុំញញឹម។

I knew you when you cried, You saw me when I smiled.



១៤៩ ទឹកចិត្តមនុស្សពិបាកស្មាន តែអាចតាមដានដោយទង្វើ។

We can't understand someone heart, but we can learn through its expression.



១៥០ កហុកតែងមានចន្លោះ ស្មគ្រស្មោះគ្រប់ស្ថានភាព។

Lie is a hole, Honest as a whole.



១៥១ សុឆន្ទៈមានតែម្យ៉ាង ប្រឹងកសាងជាទស្សនៈ មនុស្សគ្រប់ថ្នាក់យកអនុវត្ត។

Great mind think alike, by create into vision for people to apply.



១៥២ អារម្មណ៍ជ្រះថ្លា ប្រាជ្ញាវាងវៃ គំនិតថ្លាថ្លៃ កើតចេញមកឯង។

When the mind is clear, ideas come out.



១៥៣ មាគ៌ាល្អគេសាងទុក ដំណើរទៅមុខលើខ្លួនឯង។

Good way already establish, but you have to walk by yourself.



១៥៤ ខ្លាបីប្រកួតដណ្ដើមដែន ខ្លាបួនមកកែនបញ្ឈប់សត្រូវ។

Three Tigers fight for the territory, the fourth one come make no enemy.



១៥៥ កំប្លែងប្រើចំណេះ កំប្លែងប្រើប្រាជ្ញា កំប្លែងល្អអស្ចាចារ្យ ថែមសិល្ប៍វិធី។

កំប្លែងស្រែកឡូឡា កំប្លែងពាក្យអសុរោះ កំប្លែងអាប់កិត្តិយស ឈ្មោះស្អុយអសោច។

Good comedy is the one who can use talent with methodology.

Comedy that use bad words and shouting will be in tragedy.



១៥៦ កញ្ចក់ឆ្លុះបញ្ចាំងរូបភាព តែជាទិដ្ឋភាពនៃរូបបញ្ច្រាស់។

Mirror shows the view, remember that is the reverse view.



១៥៧ កិរិយាមាយាទអាចធ្លាក់ចុះ ពេលដែលក្រពះរើឡើង។

Bad attitude appears when you are hungry.



១៥៨ អ្នកដែលស្រឡាញ់ខ្លួន មិនតែងខ្លួនអោយស្អាតជ្រុល។

The one who love one self do not make up a lot.



១៥៩ តម្រាបវរ មិនល្អស្មើបុគ្គលប្រកបដោយតម្រា។

Good book is not worst as good person with good discipline.



១៦០ ខ្មៅសពណ៌ធម្មជាតិ កុំបៀនបៀតវិនិច្ឆ័យ។

Don't judge thing with color black or white.



១៦១ បុរសជាមាសទឹកដប់ នារីល្អគាប់ជារតនៈសម្បត្តិ។

A man like gold, A lady like wealth.



១៦២ ជាមួយបុគ្គលមិនស្ដាប់ហេតុផល កុំកង្វល់ប្រឹងបកស្រាយ។

Don't explain to a man who has ear but doesn't hear.



១៦៣ រាប់មិត្តម្នាក់ ប្រាកដជាក់ កើនចំនងមិត្តភាពមួយ។

Make one friend gain one friendship.



១៦៤ បុគ្គលពូកែស្ដាប់ពូកែត្រាប់ បុគ្គលពូកែគិតគំនិតដឹកនាំ។

Good listener is a good follower, Good critical thinker is a good leader.



១៦៥ ធ្វើជាអ្នកដឹងនាំនៃក្រុមអ្នកដឹកនាំ ប្រសើរឧត្តមជាងអ្នកដឹងនាំនៃក្រុមអ្នកក្រោមបង្គាប់។

Be the leader of leaders, don't be leader of followers.



១៦៦ មេទ័ពធ្វើសង្គ្រាមដោយប៊ិចនិងក្រដាស់ រាស្រ្ដទៅប្រយុទ្ធច្បាស់យកសាច់និងឈាម។

General of the army makes war using pen and paper, by the way soldiers use flesh and blood.



១៦៧ សន្ដិភាពក្នុងប្រទេស ការអភិវឌ្ឍន៍កើនឡើង។

សន្ដិភាពក្នុងចិត្ត បញ្ញារីកសុះសាយ។

Peace in the country, the development will grows.

Peace in the mind, Intellectual will shows.



១៦៨ កុំសុំភ្លើងគេ ដឹងឬទេ ថាផ្ទះយើងសាងពីក្រដាស់។

Don't ask for fire, when you live in paper house.



១៦៩ សាងអំពើជាកុសល កុសលនឹងហួចផលមកអ្នកវិញ។

Do good thing, good fortune will come to you.



១៧០ ឪកាសមកដល់ប្រឹងចាប់អោយជាប់ ភព្វព្រេងល្អគាប់មិនច្រើននោះឡើយ។

Catch the chance when it arrives, Because it will never come twice.



១៧១ មាគ៌ាដែលល្អ ទោះគ្មានអ្នកកំដ ក៏គួរនឹងទៅ។

Good path, even don't have anybody accompanied, We should go through it.



១៧២ ចំណេះខ្លួនឯងនៅមានកំរិត កុំព្រួយដេកគិតស្វែងរកជំនួយ។

Our knowledge is limited, Thus get help from outsider.



១៧៣ រៀនចេះអង្កេតមជ្ឈដ្ឋានជុំវិញ ឃ្លាំងផ្ទុកពោរពេញទៅដោយចំណេះ។

Knowledge are everywhere, You just have to care and notice.



១៧៤ នៅពេលអ្នកទុកវាដូចជារបស់ខ្លួន វាជាកម្មសិទ្ធិរបស់អ្នក។

When you take ownership, it becomes yours.



១៧៥ ភ្លើងឆាបឆេះព្រឹក្សព្រៃ ខ្លាប្រែជាបក្សី ហើរសំដៅមេឃា។

When there is fire in the forest, tiger will turn into bird and fly to the sky.



១៧៦ ពង្រឹងសមត្ថភាព បង្កើនភាពជឿជាក់។



១៧៧ នៅភូមិគ្រវីក្បាល អ្នកដែលងួកក្បាលជាវីរបុរស។





១៧៨ ចូលចិត្តខាងអ្វី ខិតខំឃ្មាតខ្មី អោយដល់កំពូល។



១៧៩ ដើរចេញពីផ្ទះ ឈានចូលសង្គម។





១៨០ មុខចានស្អាត បាតចានប្រឡាក់។



១៨១ ម្ចាស់ការគ្រប់ភារកិច្ច តាមដានជានិច្ចក្រែងខ្វះចន្លោះ។





១៨២ ទឹកមុខញញឹមទឹកចិត្តខន្ដី អស់ជនប្រុសស្រីគេរាប់ជាញាតិ។





១៨៣ ចង្កឹះមួយគូនៅមានតម្លៃ រាសីក្សិណក្ស័យពេលសល់តែម្ខាង។





១៨៤ អ្នកមានកាន់តែក្រ អ្នកក្រកាន់តែមាន។





១៨៥ វង្វេងវង្វាន់វាលវដ្ដសង្សារ ភ្ញាក់ខ្លួនពេលណាគ្មានអ្វីទៀងទាត់។





១៨៦ លិខិតសរសើរមេដៃពេញផ្ទះ ពេលស្វិតក្រពះលក់បានដប់រៀល។





១៨៧ បានឡើងធ្វើធំភ្លេចក្ដាមភ្លេចខ្យង ពេលធ្លាក់ខ្លួនម្ដងលែងមានអ្នកក្បែរ។



១៨៨ កុំឃាំងខ្លួនឯងក្នុងជំនាញម្យ៉ាង ព្យាយាមកសាងកោសល្យដទៃ។



១៨៩ តស៊ូជំនះឧបសគ្គរារាំង ឆ្លងផុតរនាំងបែរក្រោយញញឹម។



១៩០ ផែនដី, នៅជិតរាងសំប៉ែត ចាកឆ្ងាយអនេកទើបឃើញរាងមូល។



១៩១ បឺតខ្យល់ចូលក្នុងពោះ ទើបមាត់ព្រួសចេញបានឆ្ងាយ។



១៩២ វង្វេងផ្លូវមុន ស្គាល់ផ្លូវតាមក្រោយ។



១៩៣ ពេលឃ្លាន អុជធូបអុជទាន បន់អោយឆ្អែតបាយ

ឬក៏ ធ្វើការបន្ដ ប្ដូរបាយមួយពេល។



១៩៤ មុនសំរេចគោលដៅ ឈានជំហានចូលក្នុងវិថីនោះសិន។



១៩៥ មួយជំហានទៅមុខ មួយជំហានកាន់តែជិតដល់គោលដៅ។



១៩៦ កុំសួរថាតើត្រូវដោះស្រាយបញ្ហាដោយវិធីណា?

ពិនិត្យអង្កេតបញ្ហា ដំណោះស្រាយកើតចេញមកឯង។



១៩៧ ឆ្ងាយដល់ជើងមេឃគង់ប្រទះ មានចិត្តថ្លាជ្រះចង់ស្វែងរក

ទោះនៅនឹងកមុខកណ្ដាលគោក បើមិនចង់រកច្បាស់មិនឃើញ។



១៩៨ សំដីលួងលោម ត្រជាក់ដូចទឹកអម្រិត

សំដីអប់រំពិត ក្ដៅដូចព្រះអគ្គី។



១៩៩ អត្ថន័យចំៗ គ្រាន់បន្លំភ្នែក

ន័យធៀបល្អប្លែក ទាមទារការគិត។



២០០ អ្នកប្រាជ្ញបុរាណមិនដែលប្រាប់ត្រង់ តែចង់តំរង់ អោយគ្រប់ឯកអង្គ

យល់ដោយប្រាជ្ញា អត្មាអង្គឯង។



២០១ ក្បួន ខ្នាត បាត ត្រា ជាច្បាប់តម្រា នៃជាងចម្លាក់ខ្មែរ។



២០២ អាចារ្យនៅរស់មានការបកស្រាយ លោកឃ្លាតចាកឆ្ងាយសល់ត្រឹមឯកសារ។



២០៣ ចែករឿងបណ្ដាំ តាមចំណាំ ប្រតិកម្មស្ដែងពីនិស្ស័យ។



២០៤ ពេជ្រក្លាយជាគ្រួស ព្រោះបុគ្គល ស្គាល់មិនច្បាស់។



២០៥ ចំណេះនៅស្ទើរត្រូវដុះខាត់ រៀនសូត្រប្រតិបត្តិអោយចំរើន។



២០៦ ខ្វះខាតត្រង់ណាត្រូវចេះបំពេញ ដេញភាពល្ងង់ចេញដោយស្វែងចំណេះ។



២០៧ គ្រប់ដំបូន្មានជាប្រយោជន៍ ជាបទពិសោធន៍ដែលឆ្លងកាត់។



២០៨ សប្បុរសជាប្រចាំ ពាណិជ្ជកម្មបង្កើនធន។



២០៩ ត្រាច់ចរគ្រប់ច្រកល្ហក ព្យាយាមដកពិសោធន៍ថ្មី។



២១០ កុំរំពឹងខ្ពស់ហួសប្រមាណ ក្រែងលោមិនបាននាំឈឺចាប់។



២១១ ស្រង់ងងឹតដោយពន្លឺ ពេលប្រាណឈឺត្រូវព្យាបាល។



២១២ ឈើធំហួសមាឌ ខ្យល់បក់រលំ ឈើតូចសុខុម រេរាំតាមខ្យល់។



២១៣ ចាយប្រាក់ត្រឹមត្រូវនាំនូវប្រយោជន៍ ចាយប្រាក់ហិនហោចព្រោះមិនបានគិត។



២១៤ ភ្ញាក់ដោយខ្លួនឯងទៅដោយរលូន ភ្ញាក់តាមគេជូនទៅបានតាមដឹក។



២១៥ គ្រប់ច្បាប់តម្រាមនុស្សអ្នកចារ មុនយកជាការឆ្លងការវិភាគ។



២១៦ សាសនាមួយបែងជាប្រាំ កត់ចំណាំព្រោះតែមនុស្ស។



២១៧ មាន់ក្រាបពងលើជង្រុកតែងចឹកស្រូវ បក្សីសួគ៌ស៊ូទ្រាំនៅចាំអាហារទេព។



២១៨ អាហារឆ្ងាញ់ដោយគ្រឿងផ្សំ សុភាសិតឧត្តមឆ្ងាញ់ពេលបានគិត។



២១៩ ដើមទាបដុះផ្លែដូង ដើមខ្ពស់ច្រូងដុះផ្លែល្ពៅ។



២២០ ភ្នែក បូក បញ្ញា កើតចេញព្រះនេត្រទិព្វ

បើកក៏ឃើញ បិទក៏ឃើញ របបគំហើញនៃសច្ចៈភាព។



២២១ ដកបន្លាពីផ្លូវកង់ យកទៅស្រាស់តាមរបង។



២២២ ជីកស្រះទុកទឹកភ្លៀង រាំងស្ងួតមិនទៀងទុកធ្វើស្រែ។



២២៣ ចរាចរណ៍ស្ទះធ្វើស្ពានអាកាស បើកាន់តែស្ទះត្រូវពង្រីកក្រុង។



២២៤ សន្សំទឹកស្អាតប្រើប្រាស់ជាថ្មី កុំនាំខ្ជះខ្ជាយបង្ហូរតាមលូ

នាំតែលំបាកខំប្រឹងគិតគូរ ប្រើថ្នាំបន្ធូរចំរោះសារជាតិ។



២២៥ មនុស្សបំផ្លាញធម្មជាតិ គ្រោះមកច្រើនទៀតបើមិនអើពើ។



២២៦ មនុស្សខំបញ្ជ្រៀតរស់នៅទីក្រុង រៀបគ្រោងបំរុងសាងក្រុងបន្ថែម។



២២៧ រថយន្ដធំមួយជិះតែម្នាក់ឯង បំពង់ហុយផ្សែងពុលពេញទាំងក្រុង។



២២៨ ទុកដាក់ប្រភេទកាកសំណល់ ខ្លះអាចផ្ដល់ផលប្រើឡើងវិញ

ខ្លះយកចំរាញ់មិនទោម្នេញ កែច្នៃរៀបចេញប្រយោជន៍ថ្មី។



២២៩ ចូលវត្តកុំភ្លេចពានា បូជាកុំភ្លេចផ្កាឈូក។





២៣០ សំពាយបុណ្យបាបជាប់នឹងប្រាណ មិនអាចរុញច្រានលាយឡំគ្នា។





២៣១ សម្មាទិដ្ឋិនាំផ្លូវភ្លឺស្វាង មច្ឆាទិដ្ឋិរារាំងដំណើរ។





២៣២ គ្រួសារចុះសម្រុង កូនចៅរុងរឿង

គ្រួសារបែកបាក់ កូនចៅអនាថា។



២៣៣ ឡើងកំពូលភ្នំក្រលេកមកក្រោម ឃើញក្រុមចង្កោមឈូងសមុទ្រកម្ម

កូនកោះសប្បាយស្រុកមើលបំណាំ អ្នកភូមិប្រចាំទីលានឈ្នានីស។

ភ្នំភ្លើងជំលោះត្រពាំងទឹកភ្នែក ស្ទឹងបាបជាប់ព្រែកបុណ្យធ្វើតាមរិះ

គោស្រែកមនុស្សរោទ្រហ៊ោពេលនេះ ពេលណាផ្កាម្លិះឃ្លាតចាកហត្ថា។



២៣៤ វាស់ផ្ទៃក្រឡាត្រូវការបន្ទាត់ សំដីពីមាត់យកអ្វីមកវាស់?





២៣៥ ទៅលេងផ្ទះគេជំរាបសួរម្ចាស់ ត្រូវចាំអោយច្បាស់ទំនៀមបុរាណ។





២៣៦ ទទួលទានអាហារភ្នែកត្រូវរហ័ស ក្រឡេកមើលចាស់លោកត្រូវការអ្វី។





២៣៧ ខ្លួននៅនឹងផ្ទះឈ្មោះនៅឯនាយ ក្លិនស្អុយសាយភាយព្រោះតែទង្វើ។





២៣៨ ទៅលេងផ្ទះអ្នកស្រែចំការ កុំបេះផ្លែផ្កាតាមទំនើងចិត្ត

ចង់បានត្រូវសុំកុំមានគំនិត ព្រោះតែញាតិមិត្តធ្វើតាមចិត្តឯង។



២៣៩ ពេលចាស់ស្រែកសួរហាមស្រែកទៅវិញ ដើរជិតចាំស្ញេញឆ្លើយតាមទំនង។





២៤០ ដៃមួយស្រណុក ដៃមួយធ្វើការ រណាប៉ាកា សាកសមនឹងកាន់។



២៤១ ទន្លេមេគង្គប្រភពចំលែក អាចពុះខណ្ឌចែកដែនដីជាពីរ

ជីវចំរុះមានគ្រប់ទិសទី បើចេះសាមគ្គីនគររុងរឿង។



២៤២ បិទរន្ធដង្ហើមស្លាប់ បើករន្ធដង្ហើមមានផ្លូវ។



២៤៣ ទំនេររាល់តែថ្ងៃ តែមិនមែនថ្ងៃចុងក្រោយ។



២៤៤ សេចក្ដីបារម្មណ៍ភាពអប្សុក ទុកធ្វើអ្វី

ចោលអោយឆ្ងាយ កាយនឹងស្បើយ។



២៤៥ កុំប្រកែករកខុសត្រូវ រឿងពីរមិនត្រូវគ្នាផងនោះ។



២៤៦ រស់នៅដើម្បីជាប្រយោជន៍ពិភពលោក តែជ្រកក្រោមម្លប់គ្រួសារ។



២៤៧ ក្រពើប្រឹងហែក ក្អែកប្រឹងសម្លឹង។



២៤៨ នៅផ្ទះយើងធ្វើតាមចិត្ត ត្បិតផ្ទះគេត្រូវកោតក្រែង។



២៤៩ ស្រឡាញ់ស្មគ្រស្មោះ មិនមើលសម្រស់ គិតលើចរិយា

សុជីវធម៌ សុភាពរាបសា មង្គលគ្រួសា សាងឡើងពីរប្រាណ។



២៥០ ផាត់មុខធ្វើសក់អោយគេស្រឡាញ់ មុខជ្រួញសក់កណ្ដាញ់គេច្បាស់រកថ្មី

នេះសបញ្ជាក់ស្មគ្រសម្រស់ថ្លៃ មិនមែនភក្ដីស្មគ្រលុះអវសាន។



២៥១ ឈើសើមត្រូវហាលថ្ងៃ ឈើស្ងួតកែច្នៃថ្វីដៃរចនា។



និពន្ធដោយ សុខ គឹមហេង